ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើរឱ្យពិចារណា ក្នុងការធ្វើលំហាត់នាគមាស ឡើងវិញ ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្រោយពេលកម្ពុជា ខកខានដោយសារបញ្ហាជំងឺកូវីដ-១៩ នាពេលកន្លងមក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ថា លំហាត់ នាគមាស នឹងត្រូវពិចារណាធ្វើឡើងនាពេលខងមុខ បន្ទាប់ពីកម្ពុជា ខកខានធ្វើដោយសារបញ្ហាជំងឺកូវីដ-១៩។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើមូលដ្ឋានសមុទ្ររាម អាចដំណើរការទៅមុខលឿន នោះនឹងត្រូវធ្វើជាលំហាត់ចម្រុះមានជើងគោក ជើងអាកាស និងជើងទឹក ក្នុងទ្រង់ទ្រាយធំ ដើម្បីពង្រឹង និងអនុវត្តក្នុងមូលដ្ឋាននេះតែម្តង។
សូមរម្លឹកថា កម្ពុជា ធ្លាប់ធ្វើលំហាត់សមយុទ្ឋ នាគមាស ចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីកងទ័ពប្រជាជនចិន តាំងពីឆ្នាំ២០១៦។ លំហាត់សមយុទ្ឋ នាគមាស ចុងក្រោយ បានធ្វើឡើងក្នុងទឹកដីខេត្តកំពត កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើ ការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង និងការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ជាដើម។ នៅក្នុងលំហាត់កាលនោះដែរ ក៏មានប្រើប្រាស់នូវ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះ និងអាវុធគាំទ្រពីលើអាកាស ជាដើម៕