ភ្នំពេញ៖ មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លី បូរិទ្ធ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧ MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលើកទី១ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥ B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។
លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០ B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១ DH ៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។
លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខ HZ ០៥៣៣ ភ្ជង់ប្លន់។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធខ្លី ចំនួន២ដើម ម៉ាក់ k ៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពាក់ផ្លាកលេខ AR ៩៥៨៩ និង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV ៨៨៨៨៕