លើកមុនយើងនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃឡានអគ្គិសនីទូទៅ តែឥឡូវនេះយើងនិយាយអំពីឡានអគ្គិសនីកូនកាត់ដោតឌុយវិញម្តង។ គ្រប់ឡានអគ្គិសនីទាំងអស់គឺសុទ្ធសឹងតែមានលក្ខណៈស្រដៀងគ្នាទាំងអស់ តែទោះជាយ៉ាងណាវាក៏មានផងដែរនូវចំណុចខុសប្លែកពីគ្នា ដូច្នេះតើអ្វីជាអត្ថប្រយោជន៍ និងគុណវិបត្តិរបស់ឡានអគ្គិសនីកូនកាត់ដោតឌុយ? សម្រាប់គុណសម្បត្តិរថយន្តអគ្គិសនីកូនកាត់ដោតឌុយក៏មានដូចគ្នាទៅនឹងរថយន្តអគ្គិសនីទាំងស្រុងដែរគឺវាជួយកាត់បន្ថយការបំភាយចេញឧស្ម័នពុលនិងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។ម្យ៉ាងវិញទៀតសម្រាប់ការធ្វើដំណើររយៈពេលខ្លីៗរថយន្តអគ្គិសនីកូនកាត់ដោតឌុយប្រហែលជាមិនចាំបាច់ប្តូរចេញពីម៉ូទ័រអគ្គិសនីទាំងអស់របស់វាទេ ហើយក្នុងករណីនេះ រថយន្តមិនបញ្ចេញការបំភាយឧស្ម័នពីបំពង់ស៊ីមំាងឡានឡើយ។ មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនីកូនកាត់ដោតឌុយ ប្រើឥន្ធនៈតិចជាង ៣០ ទៅ ៦០ ភាគរយនៃរថយន្តដែលប្រើហ្គាសធម្មតា។
រថយន្តអគ្គិសនីកូនកាត់ដោតឌុយផងដែរក៏ជារថយន្តពិសេសសម្រាប់អ្នកដែលមិនអាចប្រើឡានអគ្គិសនីទាំងស្រុងបានដោយសារតែបញ្ហានៃការបើកបរហើយនិងការសាកថ្ម។ ជាពិសេសរថយន្តអគ្គិសនីកូនកាត់អាចស្តុកទុកប្រេងឥន្ធនៈបាន ហើយនៅពេលដែលវាអស់ថ្មវាក៏នៅតែអាចបន្តដំណើរការបានដែរហើយថែមទាំងអាចបញ្ចូលថ្មឡើងវិញដោយប្រើប្រេងឥន្ធនៈផងដែរ។ជាធម្មតារថយន្តអគ្គិសនីកូនកាត់ដោតឌុយអាចសន្សំសំចែប្រេងបានល្អជាងរថយន្តប្រើហ្គាសធម្មតា។ចំណែកឯគុណវិបត្តិវិញរថយន្តអគ្គិសនីកូនកាត់ដោតឌុយក៏មានដូចគ្នាទៅហ្នឹងរថយន្តអគ្គិសនីទាំងស្រុងដែរ គឹវាត្រូវការពេលយូរដើម្បីបញ្ចូលថ្មហើយថ្មរបស់PHEVមានទំហំតូចជាងមធ្យមនៃថ្មរបស់ឡានអគ្គិសនីទាំងស្រុងពីព្រោះវាមានត្រឹមតែកម្រិតមួយទេហើយអាចត្រូវចំណាយពេលច្រើនម៉ោងដើម្បីសាក ហើយគុណវិបត្តិមួយទៀតគឺ PHEV មិនអាចសាកថ្មលឿនបានទេ។សម្រាប់តម្លៃវិញគឹ PHEV មានតម្លៃថ្លៃដូចគ្នាទៅហ្នឹងតម្លៃរបស់ឡានអគ្គិសនីទាំងស្រុងដែរ។
បកប្រែដោយ៖ ម៉ៅ គុយដង់