ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បានបន្តរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន១០កន្លែងបន្ថែមទៀតនូវអំពើមិនសុចរិត។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ បានចុះពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន២៦កន្លែង និងបានរកឃើញ អំពើមិនសុចរិតលើ១០ដេប៉ូប្រេង។
អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងបន្តថា ប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនេះ បានធ្វើឡើងនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្រ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕
អត្ថបទ៖លាង ឡា