មណ្ឌលគិរី ៖ ជនដៃដល់ដែលសម្លាប់ក្រុមគ្រួសារជនជាតិដើមភាគតិច ព្នង ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ស្រាវជ្រាវ និងឃាត់ខ្លួនបានចំនួន៦នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុនលើគ្រួសារមួយនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនតាំងពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ហើយពួកគេបានសារភាពថា ការសម្លាប់នេះ គឺដោយសារក្រុមគ្រួសារជនរងគ្រោះ ចេះអំពើ អាបធ្មប់។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖
១.ឈ្មោះ ធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។
២.ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។
៣.ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។
៤.ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។
៥.ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ព្នង (អ្នកបញ្ជាឲ្យសម្លាប់) ។
និងទី៦.ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានករណីឃាតកម្ម (បាញ់និងវាយ) បណ្តាលឲ្យក្មេង ចាស់ចំនួន ០៥នាក់បានស្លាប់ និងក្មេងប្រុស០១នាក់ រងរបួស នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ក្រោយពីមានហេតុការណ៍កើតទ្បើង សមត្ថកិច្ចចម្រុះដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីអង្គការការពារកុមារ CPU ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនល្មើសដែលពាក់ពន្ធ័ និងឈានដល់ការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលារ ផ្តន្ទាទោសតាមច្បាប់ ៕