ភ្នំពេញ៖ ករណីអគ្គិភ័យ ដែកើតឡើងនៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យខូចខាតផ្ទះ១ខ្នង និងខូខាតតូបលក់ដូរចំនួន១៦ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
របាយការណ៍របស់នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះថា ករណីអគ្គិភ័យនេះ បង្កការខូចខាត ផ្ទះទំហំ ៧ម៉ត្រ × ១០ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទ ស្រី អាយុ ៧០ ឆ្នាំ បានឆេះអស់ទាំងស្រុង និងតូបលក់ដូរចំនួន១៦តូប ទំហំ៤ម៉ែត្រ x ៦ម៉ែត្រ ) សង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក ក៏បានខូចខាតអស់ដែរ។
អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ប្រើរថយន្តបាញ់ទឹកអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន១៦ គ្រឿង និងគ្រប់គ្រងស្ថានការណ៍បាន១០០% នៅវេលាម៉ោង ០១:០៥ នាទីយប់ ឆ្លងចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងដែរថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕