ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ចប់ការធ្វើកោសលវិច័យលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប )សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១ និងអះអាងថា មិនមានការប្រែប្រួលទេ។
ការធ្វើកោសលវិច័យលើលទ្ធផលប្រឡងនេះ គឺបន្ទាប់ពីមានការប្រមូលផ្តុំតវ៉ាពីសំណាក់បេក្ខជនជាសិស្សានុសិស្សរាប់រយនាក់ ដែលកើតទុក្ខមិនសុខចិត្តចំពោះលទ្ឋផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងទៅ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់ ព្រមទាំងក្រោមការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួង និងស្ថាប័ននានា។
ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ចំពោះលទ្ធផល នៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត-គណៈកម្មការកោសលវិច័យ ដើម្បីពិនិត្យ និងដោះស្រាយករណ៏ខាងលើ ធ្វើយ៉ាងណា ឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា បន្តទៀតថា ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យ បានរកឃើញថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើ មូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ មានសិស្សានុសិស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួង អប់រំ យុវជន និងកីឡា និងទាមទារ សុំឱ្យក្រសួងធ្វើកំណែវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឡើងវិញដោយហេតុថា មិនអស់ចិត្តចំពោះលទ្ធផល ដែលក្រសួងទើបប្រកាសចេញជាផ្លូវការ។
លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២១ មានសិស្សចំនួន៧២,០១៦នាក់ ក្នុងចំណោមសិស្ស១១៤,១៨៧នាក់ បានប្រឡងជាប់ថ្នាក់ទី១២ ហើយក្នុងចំណោមនេះ មានអ្នកជាប់និន្ទេសA ១៧៥៤នាក់ B៥២១៥នាក់ និងនិន្ទេសC ចំនួន១១៦៣៤នាក់៕