មណ្ឌលគិរី៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី កំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់ ដែលបានសម្លាប់ក្រុមគ្រួសារជនជាតិដើមភាគតិច ព្នង នៅក្នុងដីព្រៃចម្ការ ត្រង់ចំណុចស្រែម្អែល ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
សមត្ថកិច្ច បានឱ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានរកឃើញសពរងគ្រោះចំនួន៥នាក់ និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឲ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវករណីនេះកើតឡើងដោយសាររឿងគំនុំ។
របាយការណ៍របស់សមត្ថកិច្ច ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃាតកម្មនេះ មានឈ្មោះ ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៤.ឈ្មោះ ក្រាក់ ស្ល៊ីភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់) ៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(ស្លាប់) ៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ។
របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវជនល្មើសបាញ់ត្រូវ១គ្រាប់ ចំក្បាលពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រីឯជនរងគ្រោះ២នាក់ទៀត ត្រូវបានជនល្មើសវាយនឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែកកុមារម្នាក់ទៀតរងរបួសធ្ងន់។
ករណីនេះ ត្រូវបានកម្លាំងជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕