ភ្នំពេញ៖ រដូវប្រាំងដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នឹងធ្វើឱ្យសីតុណ្ហភាព កើនកម្តៅជាបន្តបន្ទាប់ ក្នុងរង្វង់ពី ៣៧-៣៩អង្សា ខណៈបណ្តាតំបន់ជនបទដាច់ស្រយាល អាចនឹងខ្វះទឹកប្រើប្រាស់។ នេះបើយោងតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០២២ ព្រះរាជាណាចក្រកម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា ( La Nina ) ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗ ឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ El Nino (ក្ដៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ ភាគរយ វិញ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ ១០ ភាគរយ ។
ក្រសួងឱ្យដឹងបន្តថា នៅខែកុម្ភៈ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាច ស្ថិតនៅក្នុងរង្វង់ពី ២១-២៤អង្សា។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាព អប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១អង្សា ដោយឡែកសម្រាប់តំបន់មាត់ សមុទ្រ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតក្នុងរង្វង់ពី ២០-២៣ អង្សា។
ជាមួយគ្នានេះ ចាប់ពីខែមេសា ដល់ខែឧសភា ធាតុអាកាស នឹងកើនកម្តៅជាបន្តបន្ទាប់ដោយក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៥-៣៨ អង្សា។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៤-៣៧អង្សា ខណៈតំបន់មាត់សមុទ្រ សីតុណ្ហភាព មធ្យមអតិបរមាអាចនឹងកើនឡើងពី ៣២-៣៥អង្សា។
ក្រសួងបញ្ជាក់ឱ្យដឹងថា ក្នុងខែមេសា និងខែឧសភា កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី ៣៧-៣៩ អង្សា។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងដែរថា ដើមរដូវវស្សាឆ្នាំ ២០២២ អាចនឹងចាប់ផ្តើមនៅសប្ដាហ៍ទី ១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃខែឧសភា ។
បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹក ភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះឡើយ ហើយឱ្យរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕