ភ្នំពេញ៖ ក្រុមមន្រ្តី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះបង្រ្កាប លើករណីហ៊ុមព័ទ្ធកាន់កាប់ដីចម្ការស្រល់រាប់រយហិកតា នៅក្នុងភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ម្សិលមិញ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបន្តចូលរួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបបទល្មើស ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន ចំនួន២ទីតាំងដែលមាន ផ្ទៃដីសរុបទំហំ ៨៣១ហិកតា នៅក្នុងភូមិសាស្ត្រស្រុកអូររាំង ហើយប្រកាសចាត់ការ លើអ្នកបំពានដីសាធារណៈរបស់រដ្ឋផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានព្រមានអនុវត្តផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលើអ្នកដែលបំពានដីសាធារណៈរបស់រដ្ឋ និងអំពាវនាវឱ្យជនខិលខូចបញ្ឈប់សកម្មភាពរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធជាបន្ទាន់ ដើម្បីជៀសវាងការប្រឈមនូវទោសទណ្ឌនានា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២កន្លងទៅ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការរុះរើបង្គោលរបងឈើ និងថ្ម ដែលហ៊ុមព័ទ្ធ ដោយខុសច្បាប់ លើដីព្រៃចម្ការស្រល់តាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំណុចនិយាមកាលេខ 739324-1364633 ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រមូលវត្តុតាងយករក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖លាង ឡា