ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យរឹតបន្តឹងលើការងារជួសជុល និងសាងសង់ផ្លូវ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ដើម្បីឱ្យមានភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងអាកាសធាតុធាតុ។
មានប្រសាសន៍ក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៧ ខែមករា នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ២០២២នេះ ដោយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកុំធ្វើការងារដដែលៗ តែធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់។
លោកបានជំរុញដល់មន្រ្តី ត្រូវខិតខំផ្ដល់សេវា សាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ដែរថា សន្និបាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាឆ្នាំនេះ បានរៀបចំឡើងក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេកវិទ្យាទំនើប” ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវ ដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាត ដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅ បណ្ដាឆ្នាំខាងមុខ៕
អត្ថបទ៖លាង ឡា