ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញក្តីបារម្ភចំពោះការចម្លងមេរោគជាថ្មី តាមរយៈការរួមភេទរវាងក្រុមបុរសជាមួយបុរស ខណៈការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ បានទទួលលទ្ឋផលជាបន្តបន្ទាប់។
ក្នុងជំនួបជាមួយអាជ្ញាធរខេត្តកំពត កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា ការងារឆ្លើយតបនឹងមេរោគអដស៍ និងជំងឺអេដស៍ សម្រេចបាន ៨៤-១០០-៩៧ ក្នុងន័យគោលដៅ ៩៥-៩៥-៩៥ ទី២ និងទី៣ បានជោគជ័យហើយ នៅឡើយតែគោលដៅ៩៥ ទី១ ដែលត្រូវប្រឹងប្រែងធ្វើឱ្យ សម្រេចទាំងអស់គ្នា។
យ៉ាងណាក៏ដោយ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងរាលដាលមកវិញ ខណៈសកម្មភាព នៃការរួមភេទ រវាងក្រុមបុរសជាមួយបុរស ត្រូវបានរកឃើញថា កំពុងស្ថិតក្នុងហានិភ័យខ្ពស់ និងទាមទារ ឱ្យថ្នាក់ក្រោមជាតិ ចាប់អារម្មណ៍ និងមានវិធានការ។
បើតាមលោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានស្គាល់មុខសញ្ញាក្រុមដែលមានអត្រាឆ្លងខ្លាំង គឺក្រុមបុរសរួមភេទជាមួយបុរស ដែលសព្វថ្ងៃ មានចំនួនជាង១០ម៉ឺននាក់។
កាលពីឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្លាប់បង្ហាញរបាយការណ៍របស់ខ្លួនថា អត្រាមេរោគអេដស៍ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ ដល់៤៩ឆ្នាំ បានថយចុះពី ០,៨ភាគរយ នៅឆ្នាំ២០១០ មកនៅត្រឹម ០,៥ភាគរយ នៅឆ្នាំ២០១៩។ ក្នុងចំណោមនោះ ចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍ បានថយចុះពីចំនួនប្រមាណ ២ ៣០០ នាក់ នៅឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ ១ ៣០០ នាក់ក្នុងឆ្នាំ២០១៩។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានលើកឡើងថា កម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាអាទិភាពខ្ពស់ ព្រោះមេរោគអេដស៍ ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕
អត្ថបទ៖លាង ឡា