ភ្នំពេញ ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រតិកម្មចំពោះការរកឃើញនូវសារធាតុផ្សំគ្រឿងញៀន ទម្ងន់ជាង១០០តោន និងជំរុញដល់អ្នកពាក់ព័ន្ឋទាំងអស់ ឱ្យត្រួតពិនិត្យច្បាស់លាស់ មុននឹងអនុញ្ញាត ឱ្យនាំសារធាតុនានា ចូលកម្ពុជា ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅព្រឹកថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២នេះថា សារធាតុផ្សំគ្រឿងញៀន ត្រូវបានគេនាំចូលបន្តិចម្តងៗ ដែលប្រៀបដូចចោរលួចឡាន ដែលតែងនាំចូលម្តងបន្តិចៗ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ឋដែលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ឱ្យពិនិត្យមើលការនាំចូលនូវសារធាតុនានា បើពុំនោះទេ នឹងជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គម កម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានរាយការណ៍ថា នាប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ច បានរកឃើញសារធាតុផ្សំគ្រឿងញៀន ទម្ងន់ជាង១០០តោន។
គួរកត់សម្គាល់ដែរថា នាពេលថ្មីៗនេះ សមត្ថកិច្ចទើបបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយ នៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ឋជាច្រើននាក់ និងរឹបអូសវត្ថុតាង ដូចជា ម្សៅស និងសារធាតុគីមី មួយចំនួនធំ ព្រមទាំងឧបករណ៍កែច្នៃគ្រឿងញៀនផងដែរ៕