ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្ការ និងការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យ នៃការចម្លងនូវវីរុសផ្ដាសាយបក្សី ដែលមាន នៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬ ពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមានឡើង នៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាព បណ្តាលមកពីការពុលចំណីអាហារ ផងដែរ៕