បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើពិធីដង្ហែរពានរង្វាន់ ដើម្បីអបអរសាទរ បន្ទាប់ពីទទួលបាននូវពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ដោយមានការចូលរួមពីបណ្តាមន្ទីរ និងកងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្រ្តីរាជការ និងមហាជនផងដែរ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយ ក្នុងចំណោមខេត្តចំនួនបី ដែលបានចូលរួមប្រឡងប្រណាំង ហើយទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ កាលពីដើមសប្តាហ៍នេះ។
ពានរង្វាន់ដែលទើបទទួលបាននេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ៕