ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅពុំទាន់មានការឆ្លើយតប ចំពោះការទាមទាររបស់ក្រុមសិស្សដែលតវ៉ាឱ្យពិនិត្យកំណែវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឡើងវិញ នៅឡើយទេ ខណៈពួកគេនៅមិនអស់ចិត្តនឹងលទ្ធផលដែលបានចេញជាផ្លូវការកន្លងមកនេះ។ លោក រស់ សុខវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញករណីខាងលើ និងបញ្ជាក់ថា លោកពុំទាន់អាចអធិប្បាយករណីនេះ ជូនបាននៅឡើយទេ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ មានសិស្សានុសិស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួង អប់រំ យុវជន និងកីឡា និងទាមទារ សុំឱ្យក្រសួងធ្វើកំណែវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឡើងវិញ ដោយហេតុថា មិនអស់ចិត្តចំពោះលទ្ធផល ដែលក្រសួងទើបប្រកាសចេញជាផ្លូវការ។
សូមបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២១ មានសិស្សចំនួន៧២,០១៦នាក់ ក្នុងចំណោមសិស្ស១១៤,១៨៧នាក់ បានប្រឡងជាប់ថ្នាក់ទី១២ ហើយក្នុងចំណោមនេះ មានអ្នកជាប់និន្ទេសA ១៧៥៤នាក់ B៥២១៥នាក់ និងនិន្ទេសC ចំនួន១១៦៣៤នាក់៕