កែប៖ កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ដែលគេរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យទេសចរណ៍ ប្រកបដោយសក្តានុពល។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបង្កើតកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ គឺដើម្បីឆ្លើយតបតាមតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
លោកបន្តថា កំពង់ផែទេសចរណ៍ខេត្តកែប នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការបម្រើវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះ លោកបានណែនាំដល់អ្នកគ្រប់គ្រងកំពង់ផែថ្មីនេះ ត្រូវបំពាក់នូវឧបករណ៍ការពារឱ្យបានគ្រប់គ្រាន់ដើម្បីបង្ការបញ្ហាដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរ ខណៈការធ្វើដំណើរតាមសមុទ្រ គឺមិនមែនជារឿងងាយស្រួលនោះទេ។
សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលមានផ្ទៃក្រឡា ប្រមាណ៥០០០ម៉ែត្រការ៉េ ស្ថិតនៅកំពង់ផែចាស់ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលប្រើប្រាស់ថវិការប្រមាណ ១,២ លានដុល្លារអាមេរិក៕