សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ត្រូវជាម្តាយរបស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ»។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ដោយសម្តេចចាត់ទុកថា ព្រោះការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ជាការការបាត់បង់នូវម្ដាយ ជីដូន ជីទួត ពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃចំពោះកូនៗ និងចៅៗជាទីស្រឡាញ់ និងពេញមួយជីវិតរបស់មហាឧបាសិកា តែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន។
ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍នាង ធីដា សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕