ភ្នំពេញ៖ ភ្លៀងក្នុងកម្រិតខ្សោយ អាចនឹងកើតមានឡើងនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា នាសប្តាហ៍នេះ ដោយសាររងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងឥទ្ធិពលជម្រាប នៃសម្ពាធទាប ពីប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១៩ ខែមករាស្អែកនេះ កម្ពុជា នឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ក្នុងកម្រិតខ្សោយ ហើយនៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា នឹងរងឥទ្ធិពលជម្រាប នៃសម្ពាធទាប ពីប្រទេសឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២២-២៥អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរនាអំឡុងថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ។ ដោយឡែកនៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ ហើយសីតុណ្ហភាពអតិបរមា មានពី ២៩-៣២ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមករា។
ក្រសួងបន្តថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សាសេ ហើយសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា៕