ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥)។
ករណីនេះបានកើតឡើងនៅចំណុច ការ៉ាស់ទទួលផ្ញើនិងលាងរថយន្តផ្លូវ ៦៩BT ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៧ម៉ោង៣០នាទី។ ជនសង្ស័យឈ្មោះ សោ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាង រថយន្ត។ ចំណែកជនរងគ្រោះ ឈ្មោះ សាន្ត សៀប ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ ខ្មែរ ជាមេការ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងការ៉ាស់ទទួល ផ្ញើនិងលាងរថយន្ត ផ្លូវលេខ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្តខាងលើជនសង្ស័យ បានយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA-2578 ជារបស់ជនរងគ្រោះ ឈ្មោះ សាន្ត សៀប ដោយប្រាប់ ថាជិះទៅទិញបាយហូបតែបាត់មិនឃើញត្រឡប់មកវិញ។ ទើបនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ សាន្ត សៀប បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ បឹងទំពន់ទី២ ឲ្យជួយស្រាវជ្រាវរក ។
សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១០និង០០នាទី កម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សោ ម៉ៅ និងចាប់យកវត្ថុតាង(ម៉ូតូម៉ាកសេ ១២៥ ជារបស់ជនរងគ្រោះ) នៅចំណុចក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធី។ នៅពេលឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សោ ម៉ៅ សមត្ថកិច្ចបាន ដកហូត ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA-2578 (ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សោ ម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕