ភ្នំពេញ៖ គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។
យោងតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ក្រុមហ៊ុនដែលទើបទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ នឹងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ។
ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែងផងដែរ។
គួរកត់សម្គាល់ថា វិស័យថាមពលរបស់កម្ពុជា ត្រូវការការអភិវឌ្ឍយ៉ាងច្រើន ទាំងការផលិត និងការបញ្ជូនថាមពល ដើម្បីបំពេញតម្រូវការដែលមានកាន់តែច្រើនឡើងៗ និងដើម្បីផ្តល់នូវការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងមានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកវិនិយោគទុនដែលមានសក្តានុពល។
នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញវារីអគ្គិសនី ថាជាផ្នែកអាទិភាព សម្រាប់ការអភិវឌ្ឍនៅក្នុងវិស័យថាមពល ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ វិនិយោគិន និងអ្នកអភិវឌ្ឍន៍មកពីបណ្តាប្រទេសជាច្រើន បានធ្វើការសិក្សាអំពីលទ្ធភាពអភិវឌ្ឍន៍វារីអគ្គិសនីនៅកម្ពុជាផងដែរ។
បច្ចុប្បន្ន កម្ពុជាមានទំនប់វារីអគ្គិសនីដែលកំពុងដំណើរការ រួមមាន៖ ទំនប់វារីអគ្គិសនី គីរីរម្យ១ (១២ មេហ្គាវ៉ាត់),ទំនប់វារីអគ្គិសនី កំចាយ (១៩៣ មេហ្គាវ៉ាត់),ទំនប់វារីអគ្គិសនី គីរីរម្យ៣ (១៨ មេហ្គាវ៉ាត់),ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ (១២០ មេហ្គាវ៉ាត់),ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម (៣៣៨ មេហ្គាវ៉ាត់),ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ (២៤៦ មេហ្គាវ៉ាត់)និងទំនប់វារីអគ្គិសនីសេសានក្រោម២ (៤០០ មេហ្គាវ៉ាត់)៕
អត្ថបទ៖លាង ឡា