ភ្នំពេញ៖ កុមារអាយុ៣ឆ្នាំម្នាក់ ដែលបាត់ខ្លួនជាច្រើនថ្ងៃ ត្រូវបានប្រទះឃើញសព នៅបាតប្រឡាយទឹកមួយកន្លែង ក្នុងឃុំឆក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង តាមរយៈកិច្ចខិតខំរបស់សមត្ថកិច្ចពាក់ព័ន្ឋ និងសុនខដែលមានជំនាញហិតក្លិន។
របាយការណ៍របស់អង្គភាពការពារកុមារ (CPU) បានឱ្យដឹងថា បេសកកម្មស្វែងរកកុមារ អាយុ៣ឆ្នាំដែល បាត់ខ្លួននៅខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ តាមរយៈការរកឃើញសព និងការសន្និដ្ឋានរួម។
អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក មាន នារី ម្នាក់ រស់នៅឃុំឆក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារដែលបាត់ខ្លួន តែពុំជោគ ជ័យ ទេ។
លុះនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងពីការបាត់ខ្លួននេះ ហើយ បានបញ្ជូនកម្លាំងក្រុមការងារស៊ើបអង្កេត និងសុនខជំនាញ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការស្វែងរក។ ក្នុងរយៈពេល២ម៉ោង សុនខជំនាញ បានតាមដានក្លិនទៅដល់ប្រឡាយទឹកមួយ ដែលមានចម្ងាយប្រហែល ៤០០ម៉ែត្រ ពីទីតាំងដែលគេបានឃើញកុមារបាត់ខ្លួនជាលើកចុងក្រោយ។
អង្គភាពការពារកុមារ (CPU) បានស្នើរសុំជំនួយពីប្រជាពលរដ្ឋ និងយកសម្ភារបូមទឹក ដើម្បីបូមទឹកចេញ ពី ប្រឡាយ ហើយប្រមាណ២០នាទីក្រោយ ក៏ប្រទះឃើញសាកសពរបស់កុមារតែម្តង។ សមត្ថកិច្ចពាក់ព័ន្ឋ បានធ្វើត្រួតពិនិត្យលើសាកសព និងរកឃើញថា មូលហេតុនៃការស្លាប់ជាក់ស្តែង គឺ ដោយ ការលង់ទឹកដោយចៃដន្យ។ សពកុមាររងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕