ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ចេញប្រតិកម្មឆ្លើយតប បន្ទាប់ពីសង្គេតឃើញមានព័ត៌មានមួយចំនួន បានមួលបង្កាច់ដែលផ្ទុយពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង។
លោកឧត្តមសេនីយ៍ អេង ស៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះថា មានបុគ្គលមួយចំនួនព្យាយាមមួលបង្កាច់ បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង កងរាជអាវុធហត្ថ ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នា អនុវត្តតួនាទី ភារកិច្ច និងបទបញ្ជាតាមឋានានុក្រម គោរពច្បាប់ គោរពវិន័យកងទ័ព។
លោកថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន កងរាជអាវុធហត្ថ មានអាយុជាង២៨ឆ្នាំហើយ មានការរីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យស្របជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ ក្នុងនោះមានជាអាទិ៍៖ ធនធានមនុស្សក្នុងកងរាជអាវុធហត្ថត្រូវបានអភិវឌ្ឍជាប្រចាំ ដោយមានសាលាចំនួន២គឺវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ,ហេដ្ឋារចនាសម្ព័ន្ធសំណង់ ជំរំជម្រក អគារធ្វើការ អគារស្នាក់នៅ បានរួមគ្នាកសាងចាប់ពីបញ្ជាការដ្ឋានផ្ទៃប្រទេស ដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការ។ លើសពីនេះទៀតក៏បានជួយកសាងដល់អង្គភាព ស្ថាប័នផ្សេងៗ បណ្តាមូលដ្ឋាន វត្តអារាម ជួសជុល សាងសង់ផ្ទះជូនប្រជាពលរដ្ឋទៀតផង,មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ យុទ្ធោបករណ៍ ក្រៅពីគោលរបបរបស់រដ្ឋ មេបញ្ជាការគ្រប់លំដាប់ថ្នាក់តែងតែទិញបំពាក់បន្ថែមតាមរយៈកៀងគរសប្បុរសជន ដើម្បីបំពេញបម្រើកិច្ចប្រតិបត្តិការ និងការហ្វឹកហ្វឺន។
សូមបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាអង្គភាពទ័ពជំនាញនិងជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទក្រោមការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕