លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។
លោកអគ្គលេខាធិការ ក៏រំពឹងថានឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ, អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
គួរបញ្ចាក់ថាលោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ៕