ភ្នំពេញ៖ គ្រូពេទ្យជាជនបរទេស ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលាការ ខណៈជនពាក់ព័ន្ធផ្សេងទៀត ត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់ ក្រោយពេលស្ថាប័នជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាប លើទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករានេះថា ក្រោយពីការត្រួតពិនិត្យនិងឆែកឆេរ កម្លាំងចម្រុះ បានរកឃើញ គ្រូពេទ្យជាជនបរទេស (ជនជាតិចិន) ដែលបម្រើការងារផ្នែកវេជ្ជសាស្ត្រនៅក្នុងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងបានបង្ករបួសដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
ប្រភពបន្តថា ពួកគេបាននាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ(ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារបរិក្ខាពេទ្យពុំមានចុះ លេខប្រវេទន៍ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល និងស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព។
សូមរម្លឹកថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតនៅ ផ្លូវលេខ៨ ក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ តាមពាក្យបណ្ដឹង របស់ជនរងគ្រោះមួយចំនួន៕
អត្ថបទ៖លាង ឡា