ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសលទ្ឋផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
នៅព្រឹកនេះដែរ ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា បានរៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យពីលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេតការណ៍ ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមគម្រោង លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត គ្រោងប្រកាសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ចាក់ថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន១៤៤១៨៣នាក់ ក្នុងនោះមានមណ្ឌលប្រឡង ចំនួន ២០៤មណ្ឌល និងមានចំនួន ៤,៦៥១បន្ទប់។
ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងទៅនេះ ត្រូវបានអ្នក សង្គេតការណ៍អះអាងថា បានប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ៕