ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅចំណុចចំការខ្នុរក្នុងទូរកុងតឺន័រ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដកហូតបានរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៤កញ្ចប់(ធំ០១ តូច២៣) , ទូរស័ព្ទដៃចំនួន០២គ្រឿង, ជញ្ជីងថ្លឹងចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, កាំភ្លើងខ្លីចំនួន០១ ដើមម៉ាកK៥៩ បង់ចំនួន០២ និងគ្រាប់ចំនួន១៣ គ្រាប់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយ និងរៀបចំឯកសារកសាង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕