ភ្នំពេញ៖ ជនសង្ស័យ ប្រុស-ស្រី ០២នាក់ ធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយផ្ញើតាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនពីភ្នំពេញទៅខេត្តបាត់ដំបងត្រូវបាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ សហការជាមួយកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានជា បន្តបន្ទាប់នៅខេត្តបាត់ដំបងនិងរាជធានី ភ្នំពេញ រឹបអូសបានគ្រឿងញៀនមួយចំនួនធំ ។
ប្រតិបត្តិការបង្ក្រាប គ្រឿងញៀននេះបានធ្វើឡើងរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភ្នំពេញធ្វើឡើងនៅចំណុច បុរី ពិភពថ្មី កួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់ រលួស ខណ្ឌដង្កោ និងនៅខេត្តបាត់ដំបង ក្នុងភូមិ បវេល១ ឃុំ បវេល ស្រុក បវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានី ភ្នំពេញ ប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនពីភ្នំពេញ យកលក់ចែកចាយនៅតាមបណ្តាខេត្ត គឺដឹកនាំបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន អនុវត្ត តាមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានី ភ្នំពេញ និងមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ លោក ស៊ិត វណ្ណៈ កម្លាំងបានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់ការ បង្ក្រាបឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនបាន០២នាក់ ។
ជនសង្ស័យមានឈ្មោះ ជា សុវណ្ណ បញ្ចការ ភេទស្រី អាយុ ២៩ឆ្នាំ ប្រកបមុខរបរលក់អីវ៉ាន់តាមអនឡាញ រស់នៅ ភូមិ បវេល១ ឃុំ បវេល ស្រុក បវេល ខេត្តបាត់ដំបង និងឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ រស់នៅចំណុច បុរីពិភព ថ្មីកួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់ រលួស ខណ្ឌដង្កោ ។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានី ភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនគឺមុនដំបូងកម្លាំងសមត្ថកិច្ច បានស្រាវជ្រាវដឹងថាមានករណីជួញដូរគ្រឿងញៀនគឺផ្ញើពី ភ្នំពេញ ទៅខេត្តបាត់ដំបង និង ក្រុង ប៉ោយប៉ែត តាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនមួយ។ បន្ទាប់ មកកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានី ភ្នំពេញ សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ ជាស្ត្រីមានឈ្មោះ ជា សុវណ្ណ បញ្ចការ នៅ ស្រុក បវេល ខេត្តបាត់ដំបង ខណៈស្ត្រីសង្ស័យកុម្ម៉ង់ទិញនិងរង់ចាំទទួលយកគ្រឿងញៀនពីជនសង្ស័យឈ្មោះ ម៉ម សា វី រស់នៅភ្នំពេញ ។
លោកបន្តទៀតថា ក្រោយពីបង្ក្រាបចាប់ខ្លួនស្ត្រីសង្ស័យនេះហើយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានី ភ្នំពេញ ក៏ឈានទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ម សាវី នៅភ្នំពេញ ដែលជាអ្នកផ្ញើគ្រឿងញៀនទៅឱ្យស្ត្រីសង្ស័យឈ្មោះ ជា សុវណ្ណ បញ្ចការ។ កម្លាំងសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យនិងទៅ ដកហូតបានវត្ថុតាងគ្រឿងញៀន មួយចំនួននៅតាមសាខាចំណតរថយន្ត ០៣កន្លែង ក្នុងរាជធានី ភ្នំពេញ ដែលជនសង្ស័យបម្រុងផ្ញើគ្រឿងញៀនយកទៅ លក់ចែកចាយនៅតាមបណ្តាខេត្តហើយបញ្ជូនមកស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដើម្បីយកមកអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងគ្រឿងញៀនរួមមាន៖ ១- ក្រាម និងម្សៅម៉ត់ពណ៌ ស ចំនួន០៦កញ្ចប់ (ថង់តូច-ធំ) ២-ថ្នាំគ្រាប់ពណ៌ ផ្កាឈូកចំនួន ២៥០គ្រាប់, ៣- ថ្នាំគ្រាប់ ពណ៌ ប៉ៃតង ចំនួន ២០០គ្រាប់ និង៤- គ្រាប់កាំភ្លើង ០៧គ្រាប់។