សត្វកណ្ដុរអាហ្រ្វិកយក្ស Magawa បានទទួលមេដាយមាសសម្រាប់វីរភាពក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះពីទីលានបាល់ទាត់ចំនួន ៤២ កន្លែង។ សត្វកណ្តុរប្រម៉ាញ់គ្រាប់មីន ដែលទទួលបានមេដាយមាស សម្រាប់វីរភាពបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅជនបទក្នុងប្រទេសកម្ពុជា បានស្លាប់បាត់បង់ជីវិតហើយ។
Magawa ដែលជាសត្វកណ្ដុរអាហ្រ្វិកយក្ស ដែលមានដើមកំណើតមកពីប្រទេសតង់ហ្សានី បានជួយបោសសម្អាតគ្រាប់មីនចេញពីផ្ទៃដីប្រហែល 225,000 ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ចំនួន 42 កន្លែង ក្នុងរយៈពេលនៃអាជីពរបស់វា។ បន្ទាប់ពីរកឃើញគ្រាប់មីនច្រើនជាង 100 និងគ្រឿងផ្ទុះផ្សេងទៀត, Magawa បានចូលនិវត្តន៍កាលពីខែមិថុនាឆ្នាំមុន។ Magawa បានទទួលមរណភាព "ដោយស្ងប់" នៅចុងសប្តាហ៍នេះនៅអាយុ ៨ ឆ្នាំ, បកស្រាយដោយអង្គការសប្បុរសធម៌បែលហ្ស៊ិក Apopo ដែលបានបណ្តុះបណ្តាលវា។
ក្រុមបាននិយាយថា "យើងទាំងអស់គ្នានៅ Apopo ទទួលស្គាល់ពីការបាត់បង់ Magawa ហើយយើងដឹងគុណចំពោះការងារដ៏អស្ចារ្យដែលវាបានធ្វើ" ។ Apopo បានបន្ថែមថា Magawa មានសុខភាពល្អ ហើយបានចំណាយពេលភាគច្រើនកាលពីសប្តាហ៍មុន ដើម្បីលេងជាមួយនឹងភាពរីករាយជាធម្មតារបស់វា។ អង្គការសប្បុរសធម៌បាននិយាយថា ប៉ុន្តែនៅចុងសប្តាហ៍ “វាបានចាប់ផ្តើមលែងសូវធ្វើសកម្មភាព ងងុយដេកច្រើន និងមិនសូវមានចំណង់អាហារនៅថ្ងៃចុងក្រោយរបស់វា”។
Apopo បានបណ្តុះបណ្តាល Magawa ឱ្យស្វែករកសមាសធាតុគីមីនៅក្នុងគ្រឿងផ្ទុះ ដោយផ្តល់រង្វាន់ដល់វាជាមួយនឹងអាហារដែលមានរសជាតិឆ្ងាញ់ – របស់ដែលវាចូលចិត្តគឺចេក និងសណ្តែកដី។ វានឹងជូនដំណឹងដល់អ្នកដោះមីនដោយការកាយដី បន្ទាប់ពីប្រើ "ជំនាញហិតក្លិនដ៏អស្ចារ្យរបស់វា"។
Magawa អាចស្វែងរកគ្រាប់មីននៅលើផ្ទៃដីទំហំធំនៃទីលានវាយកូនបាល់ក្នុងរយៈពេល 30 នាទី ដែលជាអ្វីដែលត្រូវចំណាយពេល 4 ថ្ងៃ ដោយប្រើឧបករណ៍រាវរកដែកធម្មតា។ Magawa គឺជាសត្វកណ្ដុរដំបូងគេដែលបានទទួលមេដាយពីអង្គការសប្បុរសធម៌ពេទ្យសត្វរបស់ចក្រភពអង់គ្លេស PDSA ក្នុងរយៈពេល 77 ឆ្នាំនៃពានរង្វាន់នេះ។
គ្រាប់មីនរាប់លានគ្រាប់ត្រូវបានដាក់ក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍ ហើយបានបញ្ចប់សង្រ្គាមនេះនៅឆ្នាំ 1998 ដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត៕
អត្ថបទដកស្រង់ពី Agence France-Presse
បកប្រែនិងកែសម្រួលដោយ Mr. Blue