កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនាលើឪពុកចុង របស់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុក បានឲ្យដឹងថាជនសង្ស័យ ត្រូវបានកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកំណត់មុខសញ្ញា និងបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល២៦ម៉ោង នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ។
លោកអធិការនគរបាលស្រុក បានឲ្យដឹងថាជនសង្ស័យឈ្មោះ ផ្លេង កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ បានកាប់ទៅលើឪចុងឈ្មោះស្រី វ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ ដោយកាំបិតផ្គាក់ចំកញ្ចឹង”ក”ស្លាប់ភ្លាមនៅកន្លែងកើតហេតុយប់ថ្ងៃទី១០ ខែមករា។ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានបន្តថា យោងតាមចម្លើយសារភាពជនសង្ស័យ ដោយសារខឹងឪចុងវាយធ្វើបាបម្ដាយរាល់ថ្ងៃនិងចេះធ្វើអំពើអាបធ្មប់ ៕