ភ្នំពេញ៖ ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងមិនបង្កផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជានោះទេ ដោយសារតែប្រភពទុនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនបានមកពីការវិនិយោគក្នុងស្រុក។
ការលើកឡើងរបស់អ្នកជំនាញនៅក្នុងឧស្សាហកម្មធនាគារបែបនេះ បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវត្រៀមខ្លួនសម្រាប់ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ហើយថា ការចាត់វិធានការរបស់ធនាគារកណ្តាលអាមេរិកលឿនជាងការរំពឹងទុកនេះអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងជំរុញឱ្យមានលំហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្រៅប្រទេស។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាន៍ថា ប្រភពទុនរបស់គ្រឹះស្ថានធនាគារនៅកម្ពុជានាពេលបច្ចុប្បន្ន គឺបានមកពីការវិនិយោគរបស់អតិថិជនក្នុងស្រុកដែលមានរហូតដល់ទៅ ៧០ភាគរយនៃប្រភពទុនសរុប ជាមួយនឹងកំណើនប្រចាំឆ្នាំ ២០ភាគរយជារៀងរាល់ឆ្នាំ ខណៈប្រភពទុនពីបរទេសមានប្រហែល ១៥ភាគរយប៉ុណ្ណោះ។
លោកបញ្ជាក់ថា ប្រព័ន្ធនាគាររបស់យើងសព្វថ្ងៃគឺមានភាពរឹងមាំល្អណាស់ ដោយប្រភពទុនបានមកពីបរទេសគឺមានលក្ខណៈសម្បូរបែប ក្នុងនោះមានការវិនិយោគពីប្រទេសក្នុងតំបន់ និងអឺរ៉ុប។ ដូច្នេះយើងគិតថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នឹងមិនបង្កផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ហើយបើសិនជាប៉ះពាល់ក៏ក្នុងកម្រិតតិចតួចដែរ។
លោកកត់សម្គាល់ឃើញថា កន្លងមកធនាគារកណ្តាលសហរដ្ឋអាមេរិក ក៏ធ្លាប់បានធ្វើបែបនេះដែរ ហើយកាលនោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនមានការដំឡើងអត្រាការប្រាក់នោះឡើយ។ ហើយបន្ថែមលើនេះ ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩នេះ គ្រឹះស្ថានធនាគារ បានទម្លាក់ថ្លៃអត្រាការប្រាក់ថែមទៀតផង ដែលបង្ហាញពីភាពរឹងមាំរបស់វិស័យធនា គារ និងហិរញ្ញវត្ថុនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៤ភាគរយ ស្មើនឹង ៣៨,៥ពាន់លានដុល្លារ នៅឆ្នាំ ២០២១ ធៀបនឹងឆ្នាំ ២០២០។ ចំណែកកំណើនឥណទាន បានបន្តកើនឡើង ២១,២ភាគរយ នៅឆ្នាំ ២០២១ ដែលមានទំហំទឹកប្រាក់ ៤៥,៧ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។
កាលពីខែធ្នូ ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ ធនាគារកណ្តាលអាមេរិក បានបិទបញ្ចប់ផែនការសង្គ្រោះសេដ្ឋកិច្ចដែលគេបានធ្វើឡើងនៅឆ្នាំ ២០២០ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច ដែលរងគ្រោះចុះខ្សោយ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ជាមួយគ្នានេះធនាគារកណ្តាលអាមេរិក ក៏នឹងឈប់ទិញបំណុលឯកជន ដោយបើកផ្លូវឲ្យមានការដំឡើងអត្រាការប្រាក់ឡើងវិញ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា អតិផរណាប្រាក់ឈ្នួលអាមេរិក ឬបញ្ហាផ្គត់ផ្គង់ដែលបន្តកើតមាន អាចជំរុញកំណើនតម្លៃខ្លាំងជាងការរំពឹងទុក និងជំរុញឱ្យមានការរំពឹងថា នឹងមានអតិផរណាកាន់តែរហ័ស ដែលជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់កាន់តែលឿន។ ដូច្នេះប្រទេសកំពុងអភិវឌ្ឍន៍គួរត្រៀមខ្លួនសម្រាប់រយៈពេលចលាចលសេដ្ឋកិច្ចដែលអាចកើតមាន។
មូលនិធិ IMF បានបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលសាធារណៈ និងបំណុលឯកជនខ្ពស់ ការប្រឈមទៅនឹងអត្រាប្តូរប្រាក់បរទេស និងមានតុល្យភាពគណនីចរន្តទាប បានមើលឃើញរួចហើយនូវការឡើងចុះថ្លៃនៃរូបិយប័ណ្ណរបស់ប្រទេសទាំងនោះធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំណែកឯប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសម្ពាធអតិផរណាខ្លាំង ឬស្ថាប័នមានសមត្ថភាពខ្សោយ គួរចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះថ្លៃ និងដំឡើងអត្រាការប្រាក់គោល។
ជាមួយគ្នានេះ ហានិភ័យធ្ងន់ធ្ងរអាចនឹងកើតមានឡើងចំពោះប្រទេស ដែលមានបំណុលជាដុល្លារអាមេរិកច្រើនសន្ធឹកសន្ធាប់ ហើយវិនិយោគិនលក់ប័ណ្ណបំណុលដែលបានវិនិយោគ រួចបង្វែរការវិនិយោគទៅសហរដ្ឋអាមេរិកវិញ (មូលធនហូរចេញ) បន្ទាប់ពីការដំឡើងអត្រាការប្រាក់។ បញ្ហានេះនឹងធ្វើឲ្យរូបិយណ្ណក្នុងស្រុកធ្លាក់ថ្លៃ ដែលនឹងធ្វើឲ្យបំណុលនៅក្នុងប្រទេសនោះកើនឡើងដោយស្វ័យប្រវត្តិ និងបង្កហានិភ័យដែលនាំទៅរកការក្ស័យធន។
ធនាគារជាតិនៃកម្ពុជា ធ្លាប់បានពន្យល់នាពេលកន្លងមកថា ការដំឡើងអត្រាប្រាក់គោល នឹងធ្វើឲ្យមានការហូរមូលធនត្រឡប់ទៅសេដ្ឋកិច្ចអាមេរិកវិញ ដែលអាចនាំឲ្យប្រទេសជាច្រើនជួបនឹងបញ្ហាប្រឈមផ្នែកសន្ទនីយភាព។ ចំពោះកម្ពុជា ដោយសារប្រព័ន្ធធនាគារមានទំនាក់ទំនងដោយផ្ទាល់តិចតួចជាមួយប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដូច្នេះការហូរចេញទៅវិញនៃលំហូរមូលធនពីកម្ពុជាទៅសហរដ្ឋអាមេរិកវិញក៏នឹងមានទំហំតូចដែរ៕