មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានព្រមានអនុវត្តផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលើអ្នកដែលបំពានដីសាធារណៈរបស់រដ្ឋ និងអំពាវនាវឱ្យជនខិលខូចបញ្ឈប់សកម្មភាពជាបន្ទាន់ដើម្បីជៀសវាងការប្រឈមនូវទោសទណ្ឌនានា។
រដ្ឋបាលខេត្តមណ្ឌលគិរី បានលើកឡើងក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ថា បុគ្គលដែលពាក់ព័ន្ធ រួមមាន ៖ អ្នកផ្ដើម គំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន និងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់ សំណង់មិនរៀបរយ ស្នាក់នៅ ដំណាំផ្សេងៗនៅក្នុងជីតម្របព្រៃឈើ តំបន់អភិរក្សធនធាន ធម្មជាតិ ដីព្រៃការពារ របៀងអភិរក្សជីវៈចម្រុះ ដែលជាដីឯកជន និងដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី គឺជាបទល្មើស ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ នៃច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ភូមិបាល និងច្បាប់សំណង់ ដែលមាន នៅជាធរមាន ។
អាជ្ញាធរបានអំពាវនាវ ដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយត្រូវធ្វើការរុះរើសំណង់ និងការផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងជំនាញពាក់ព័ន្ធវិញ បើពុំដូច្នោះទេ នឹងត្រូវប្រឈមជាប់ពន្ធនាគារចាប់ពី ០៥ឆ្នាំ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ផងដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការរុះរើបង្គោលរបងឈើ និងថ្ម ដែលហ៊ុមព័ទ្ធ ដោយខុសច្បាប់ លើដីព្រៃចម្ការស្រល់តាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំណុចនិយាមកាលេខ 739324-1364633 ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រមូលវត្តុតាងយករក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕