ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រៀមចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ ត្រូវបានរក្សាទុកក្នុងឃ្លាំង ដែល មានចំនួនប្រមាណ១០លានដូស ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង មួយចំនួនទៀតពីបរទេស ។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញ សម្តេចបានបញ្ជាឲ្យទិញ វ៉ាក់សាំង ៥លានដូសបន្ថែមទៀត ខណៈវ៉ាក់សាំងដែលកំពុងមានក្នុងឃ្លាំងប្រមាណ១០លានដូស សម្រាប់ចាក់ដូច ជំរុញ ដល់ប្រជាជនកម្ពុជា និងធានាថា ប្រជាជនកម្ពុជា មិនខ្វះវ៉ាក់សាំង។
ជាមួយគ្នានេះ សម្តេចេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាខេត្តទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើ យ៉ាង ដំណើរ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលាខណៈ ដែល វីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ប្រភេទ Pfizer ជាដូសជំរុញលើកទី៤ ដល់ក្រុមជួរមុខដែលជាមន្រ្តីរាជការ។ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសបើកជំហរ ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបានផងដែរ។
គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស បាន ចំនួន ជាង១៤លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១៦លាននាក់៕