ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ កំពុងធ្វើការស៊ើបអង្គេតស្វែងរកវត្តុតាងបន្ថែម ដើម្បីកំណត់មុខសញ្ញាឃាតករ ដែលបាញ់សម្លាប់បុរសជនជាតិចិន កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ក្បែរវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មកទល់ព្រឹកថ្ងៃទី១០ ខែមករានេះ មន្រ្តីជំនាញកំពុងស្វែងរកវត្ថុតាងនានា ដើម្បីស្វែងរកឃាតករ យកទៅផ្តន្ទាទោសតាមច្បាប់។ ទោះយ៉ាងណា គេនៅពុំទាន់ដឹងអំពីករណីឃាតកម្មបាញ់សម្លាប់នេះថា បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង២៣.៣០នាទីយប់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានករណីបាញ់ប្រហារមួយលើបុរសជនជាតិចិន នៅតាមបណ្ដោយផ្លូវបេតុង ក្បែរវត្តតាំងក្រសាំង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនហេតុការណ៍កើតឡើង គេឃើញក្មាន់កាំភ្លើងជិះម៉ូតូមួយគ្រឿង តាមរថយន្តបុរសជនជាតិចិន ម៉ាក Rangrover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8261។ លុះដល់មុខខុនដូរ ស៊ីធីខមហ្វត ក៏បាញ់ស្រោចលើជនរងគ្រោះឈ្មោះ Zhao Song ភេទប្រុស អាយុ ៤២ ឆ្នាំ ប្រហែល១០គ្រាប់ ត្រូវផ្នែកពោះចំនួន ៥ គ្រាប់ និងចំដៃខាងឆ្វេងចំនួន ៣ គ្រាប់ បណ្ដាយឱ្យជនរងគ្រោះស្លាប់ក្នុងរថយន្ត ហើយឃាតករបានគេចខ្លួនបាត់។
នៅទីតាំងកើតហេតុ សមត្ថកិច្ចចម្រុះបានរកឃើញសម្បកគ្រាប់កាំភ្លើង និងប្រមូលទុកជាវត្ថុតាង ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី៕