កំពង់ឆ្នាំង៖ មនុស្សចំនួន៤នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ដឹកជញ្ជូនអាវុធខុសច្បាប់ និងសម្រេចឃុំខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ពាក់ព័ន្ធការញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដី នៅតំបន់ ៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលតុលាការសម្រេចឃុំខ្លួនរួមមាន៖ ១. ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅទីក្រុងភ្នំពេញ , ២. ឈ្មោះ អុក ប៉ារ៉ាឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញ , ៣. ឈ្មោះ ប្រាក់ សង្ហា ភេទប្រុស អាយុ ២៣ ឆ្នាំរស់នៅទីក្រុងភ្នំពេញ និង៤. ឈ្មោះ គង់ តារា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ការញុះញង់ឱ្យប្រជាពលរដ្ឋងើបឡើងតវ៉ាទាមទារដីនៅតំបន់ ៣ ស្ថិតនៅស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង គឺប្រឆាំងទៅនឹងអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយ និងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយដកហូតមធ្យោបាយ រួមមាន រថយន្ត មួយគ្រឿង ម៉ាក Lexus Lx450 ស្លាកលេខ ភ្នំពេញ 2Q 7993 ទូរស័ព្ទចំនួន ៨ គ្រឿង laptop មួយគ្រឿង អាវុធខ្លីមួយដើមម៉ាក ប៉ារ៉ា និងគ្រាប់ចំនួន ១២ គ្រាប់៕