ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនូវយុទ្ឋនាការចាក់វ៉ាក់សាំងដូសជំរុញ លើកទី៤ដល់មន្រ្តីជួរមុខ ប្រមាណ៧០ម៉ឺននាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឱ្យដឹងថា វ៉ាក់សាំងប្រភេទ Pfizer សម្រាប់ក្រុមគោលដៅអាទិភាពជួរមុខ ដែលបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ទី ៣ ចាប់ពី៤ខែឡើងទៅនៅក្នុងរាជធានីភ្នំពេញ នឹង ចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា វ៉ាក់សាំង Pizer នឹងត្រូវផ្តល់ជូនដល់ថ្នាក់ដឹកនាំ រាជ រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូត ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បៈករកម្ពុជា ។
កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នឹងយកវ៉ាក់សាំង Pfizer ដែលផ្តល់ដោយប្រទេសអូស្ត្រាលី សម្រាប់ប្រើប្រាស់ជាដូសទី ៤ ចាក់ឲ្យមន្រ្តីជួរមុខ ដែលមានប្រមាណ៧០ម៉ឺននាក់។
របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើប្រជាជនអាយុពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០១,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ចាក់លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ៩៩,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
ចាក់លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ចាក់លើកុមារអាយុ ០៥ឆ្នាំ មាន ១,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,២៦% ៕