ភ្នំពេញ៖ ក្នុងឱកាសថ្ងៃជ័យជម្នះ ៧មករា នាថ្ងៃនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹម និងប្ដេជ្ញាការពាររាល់សមិទ្ធផលសង្គមជាតិ ដោយមិនឱ្យបុគ្គលណា មកបំផ្លាញបានឡើយ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា បានលើកឡើងថា ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំ ចំពោះដំណើរជាតិយើងបន្តទៅមុខទៀត។ សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទី ស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿង ដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។
ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងទៀតថា ក្នុងស្មារតីនេះ ប្រជាជាតិយើងទាំងមូលត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្តូរផ្តាច់ ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា ឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណា មកបំផ្លាញទៅវិញបានឡើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហា សោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិធ្លាប់បានឆ្លងកាត់,ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សូមរំឭកថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៣ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិ ឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងឹត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាច ប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកយ៉ាងប្តូរផ្តាច់ ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញ ដែលត្រូវចាប់ផ្ដើមពីចំណុចសូន្យ៕