ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នឹងធ្វើឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តាមគន្លងប្រក្រតីភាពថ្មី នៃការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២តទៅ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ផ្អែកតាមស្ថានភាពនៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន នៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្រប តាមការប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន និង ដំណើរការបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ។
កាលពីថ្ងៃទី៥ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរម្លឹកដល់ អាណាព្យាបាលសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ប្រភេទ អូមីក្រុង ដែលកំពុងរីករាលដាលខ្លាំង។
គួរបញ្ជាក់ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ត្រូវបានពន្យាពេលខុសពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩។ប៉ុន្តែដោយសារការឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអនុវត្តលើសផែនការ៕