ភ្នំពេញ៖ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បានឆ្លងជំងឺកូវីដ-១៩ រយៈពេល៥ ថ្ងៃមកហើយ ហើយកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសបារាំង។ការប្រកាសនេះ បានធ្វើឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានអះអាងថា ទោះជាបានទទួលវ៉ាក់សាំង ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ ២០២១ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមាន (មានផ្ទុកមេរោគកូរ៉ូណាវីរុស) កាលពីថ្ងៃ ៣០ ខែធ្នូ ២០២១។
លោក សម រង្ស៊ី បានបញ្ជាក់ថា លោកមានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២-៣ ថ្ងៃ។ មកដល់ថ្ងៃ ០៤ មករា ២០២២ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។ នៅថ្ងៃ ០៥ មករា ២០២២ នេះ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមានដដែល ដែលលោកបានអះអាងថា បានជាសះស្បើយពេញលេញហើយដែរ។
តាមរយៈសំណេររបស់ខ្លួន អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបម្លែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ លោកថា នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគថ្មីឈ្មោះ Omicron នេះ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ជាច្រើន បទល្មើស នឹងប្រឈមជាប់ពន្ឋនាគារ ជាច្រើនឆ្នាំ ខណៈបច្ចុប្បន្នលោកកំពុងរស់នៅក្នុងប្រទេសបារាំង៕
អត្ថបទ៖លាង ឡា