កំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំង កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុក ចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុង កិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចក្នុងចំការស្វាយចន្ទីស្ថិតនៅ ភូមិ ច្រណោម ឃុំ បុសខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង០០នាទី កម្លាំងបានចាប់ឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ និងដកហូតម៉ូតូ ៤គ្រឿង និង សម្ភារៈមួយចំនួនទៀត ។
ករណីនេះកម្លាំងបានបញ្ជូនទាំងមនុស្ស និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីតាមបញ្ជារបស់ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម
៕