ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបិទបញ្ចប់ដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១ ហើយត្រៀមបូកពិន្ទុ នឹងប្រកាសលទ្ឋផលនាពេលខាងមុខ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កំណែមុខវិជ្ជាទាំង១០ របស់បេក្ខជនទាំងអស់ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។
សូមបញ្ចាក់ថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន១៤៤១៨៣នាក់ ក្នុងនោះមានមណ្ឌលប្រឡង ចំនួន ២០៤មណ្ឌល និងមានចំនួន ៤,៦៥១បន្ទប់។ ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងទៅនេះ ត្រូវបានអ្នក សង្គេតការណ៍អះអាងថា បានប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
សូមជម្រាបដែរថា លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕