ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជារថ្មីដោយតម្រូវឱ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទ «អូមីក្រុង» ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីជៀសវាងការឆ្លងរាលដាលដូចអតីតកាល។
មានប្រសាសន៍ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់ជ័យលាភីមេដាយមាសពិភពលោក នាព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ បានលើកឡើងថា សម្តេច មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះឡើយ ហើយអ្នកឆ្លងកូវីដប្រភេទថ្មីមិនថា អ្នកតូច ឬអ្នកធំ អ្នកមាន ឬអ្នកក្រ គឺត្រូវតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជៀសវាងការឆ្លងដល់ក្រុមគ្រួសារ និងឆ្លងចូលសហគមន៍។
សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងចូលរួមការពារកុំឱ្យឆ្លងកូវីដ-១៩ និងសុំការយោគយល់ព្រោះវិធានការនេះ ក្នុងគោលបំណងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជា។ តាមការបញ្ជាក់របស់សម្តេច តេជោ ហ៊ុន សែន បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណី ប៉ុន្តែក្នុងចំណោមនោះ មានមួយចំនួនបានជាសះស្បើយ ហើយអ្នកមិនទាន់ជាសះស្បើយក៏កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
សូមរម្លឹកថា កម្ពុជា បានរកឃើញករណីវិជ្ជមានដំបូង នៃមេរោគបំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង» លើស្ត្រីជនជាតិខ្មែរមួយរូប ដែលមានស្រុកកំណើតក្នុងខេត្តស្វាយរៀង ដែលទើបធ្វើដំណើរមកពីបរទេស និងតេស្តវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ ដោយម៉ាស៊ីនPCR របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕