ភ្នំពេញ៖ មុខសញ្ញាគ្រឿងញៀន ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតសារធាតុញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះថាប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤៥នាទី នៅ៣គោលដៅផ្សេងគ្នា។
សមត្ថកិច្ចបញ្ជាក់ថា គោលដៅទី១ បានធ្វើឡើងនៅចំណុចខុនដូ ជាន់ទី៣ ផ្លូវ១០៥ នាសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយឃាត់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន១គ្រឿង។
គោលដៅទី២ នៅចំណុចខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R ៣០១ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង បានឃាត់មនុស្សម្នាក់ជនជាតិវៀតណាម ។ គោលដៅទី៣ នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដកហូតវត្ថុតាង គ្រឿងញៀនជាង១៣០Kg ។ ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕