ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលព្រឹកកាលពីថ្ងៃទី២៣ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង សិក្សាអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីអាចចាប់ផ្តើមផ្តល់ដូសជំរុញទី៤ ដល់ប្រជាពលរដ្ឋកម្ពុជា អាយុចាប់ពី ១៨ឆ្នាំឡើង។
សម្តេចថា ដូសទី៤នេះ នឹងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ត្រាលី នឹងមកដល់កម្ពុជា កាលពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចំនួន ២,៣លានដូស។ សម្រាប់ដូសជំរុញទី៤នេះ នឹងចាក់មុនគេ លើក្រុមជួរមុខ មានក្រុមគ្រូពេទ្យ និងក្រុមដទៃទៀត ដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ស្របពេលនឹងគ្នានេះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាព ដែលកម្ពុជាឆ្លងជំងឺកូវីដ-១៩ខ្លាំង ក្រុមអង្គរក្សរបស់សម្តេចជាង ៤០០នាក់ បានឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែឥឡូវនេះ សម្តេចបានបញ្ជាឱ្យចាក់វ៉ាក់សាំង ដល់ក្រុមអង្គរក្សសម្តេចនូវដូសទី៤ រួចរាល់ ហើយបច្ចុប្បន្ននេះ មិនមានអ្នកឆ្លងទៀតនោះទេ៕