(ភ្នំពេញ)៖ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ។ បន្ទាប់ពីបានមកដល់កម្ពុជា លោក ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីវៀតណាម មានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីវៀតណាម ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ។
លោក ង្វៀន សួនហ៊្វុក ក៏បានជួបឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថែមទៀត។ លោកប្រធានរដ្ឋ ក៏បានអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភាផងដែរ។
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន មុនចាកចេញពីកម្ពុជា លោក ង្វៀន សួនហ្វុក បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម ហើយបន្ទាប់ពីនោះ លោក ង្វៀន សួនហ្វុក ក៏នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។