ភ្នំពេញ៖ បុរសចំនួនពីរនាក់ ជាចាងហ្វាងគេហទំព័រ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ពីអាជីវករលក់កាហ្វេ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ឆុំ ដានី ជនជាតិខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ទី២- ឈ្មោះ អ៊ុន ចាន់ថា ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ៖លាង ឡា