ភ្នំពេញ៖ មេក្លោងចោរប្លន់ ដែលជាប្រធានគណបក្សខ្មែរក្រោក បានសារភាពអំពីសកម្មភាពរបស់ខ្លួន និងបក្ខពួក ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយដកហូតអាវុធវែងខ្លីជាច្រើនដើម និងគ្រឿងអលង្ការមួយចំនួនធំរបស់ជនរងគ្រោះមកវិញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា តាមចម្លើយបឋមរបស់មេចោរប្លន់ឈ្មោះ William Guang បានសារភាពថា ខ្លួនពិតជាបានដឹកនាំបក្ខពួកធ្វើសកម្មភាពប្លន់អ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី ប្រាកដមែន ដោយខ្លួនជាអ្នករៀបចំផែនការនេះ។
ប្រធានគណបក្សខ្មែរក្រោក ដែលដឹកនាំបក្ខពួកប្លន់រូបនេះ បានប្រាប់សមត្ថកិច្ចទៀតថា ការប្លន់អ្នកលក់ឡេនេះ គឺដោយសារខ្លួនជ្រេញ និងស្អប់ចំពោះការសំញ៉ែងទ្រព្យសម្បត្តិពេក។
សូមបញ្ជាក់ថា ឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក និងគ្នីគ្នាចំនួន១២នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្រ្កាប កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងផ្ទះវីឡាមួយកន្លែង នៅបុរី ប៉េង ហួត ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ។
គួរបញ្ជាក់ដែរថា សកម្មភាពប្លន់អ្នកលក់ឡេនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធ វែង ខ្លី បានជិះរថយន្ត GS300 ពណ៌ស អត់ស្លាកលេខ មួយគ្រឿង ចូលភ្ជង់ប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ដោយយកបាននូវគ្រឿងអលង្ការមួយចំនួនធំ ៕
អត្ថបទ ៖ លាង ឡា