ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បានបន្តធ្វើកូដកម្មទាមទារលក្ខខណ្ខការងារមួយចំនួន ខណៈការសម្របសម្រួលពុំទទួលបានលទ្ឋផលនៅឡើយ ហើយកំពុងប្រឈមមុខជាមួយអាជ្ញាធរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការធ្វើបាតុកម្ម និងកូដកម្ម មិនមែនជាដំណោះស្រាយឡើយ ដោយលោកជំរុញដល់អ្នកតវ៉ា និងអ្នកពាក់ព័ន្ឋទាំងអស់ត្រូវរកដំណោះស្រាយជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។លោកបានចាត់ទុកការធ្វើបាតុកម្ម និងកូដកម្ម របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលថា ជារឿងខុសច្បាប់ ។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងបានចុះសម្របសម្រួលជាមួយក្រុមហ៊ុនណាហ្គាវើល និងអ្នកពាក់ព័ន្ឋជាច្រើនលើក ដើម្បីពិនិត្យនូវសំណើរនីមួយៗ ដោយក្នុងនោះ បានឯកភាពលើនីតិវិធីមួយចំនួន ប៉ុន្តែមានការខ្វែងគំនិតគ្នា លើការឱ្យទទួលយកនូវបុគ្គលិកដែលក្រុមហ៊ុន បានកាត់បន្ថយនាពេលកន្លងទៅ។
លោកបន្តថា យោងតាមច្បាប់កម្ពុជា និងច្បាប់សកល គឺមិនមាន ខណាមួយចែងថា បុគ្គលិកម្នាក់ ដែលធ្វើការកន្លែងមួយ ត្រូវធ្វើការមួយជីវិតនោះទេ។ លោកលើកឡើងថា នៅក្នុងករណីមានវិបត្តិ គឺប្រធានសក្តិ អាចកាត់បន្ថយបុគ្គលិក ប៉ុន្តែច្បាប់បានធានាថា ការកាត់បន្ថយ ឬបញ្ឈប់បុគ្គលិកត្រូវធ្វើតាមនីតិវិធីដូចជា ការជូនដំណឹង និងទូទាត់សំណង ឱ្យបានសមស្របជាដើម។
អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ករណីខាងលើ មិនពិបាកក្នុងការដោះស្រាយនោះទេ ប៉ុន្តែបញ្ហាដែលពិបាក គឺការទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំងអស់ដែលក្រុមហ៊ុនបានបញ្ឈប់។
សូមបញ្ជាក់ថា ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បានកើតឡើងក្រោយពីក្រុមហ៊ុនបានកាត់បុគ្គលិកចំនួន ៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ។ ពួកគេបានទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង ៣៦៥នាក់ ចូលធ្វើការវិញ និងទាមទារលក្ខខណ្ខការងារមួយចំនួនផងដែរ ។
ក្រុមហ៊ុនណាហ្គាវើល ធ្លាប់បានបញ្ជាក់ថា ការកាត់បន្ថយ និងបញ្ឈប់បុគ្គលិកមួយចំនួន គឺបន្ទាប់ពីក្រុមហ៊ុនជួបវិបត្តិដោយសារការរាតត្បាតជំងឺកូវីដ-១៩៕
អត្ថបទ ៖ លាង ឡា