ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ប្រកាសរក្សាថ្ងៃកំណត់ប្រឡងសញ្ញាបត្រទុតិយភូមិដដែល នឹងត្រៀមពង្រាយមន្រ្តីពាក់ព័ន្ឋរហូតដល់បីម៉ឺននាក់ ដើម្បីសង្គេតឃ្លាំមើលការប្រឡងនៅទូទាំងប្រទេស។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះថា ការពង្រាយមន្រ្តីពាក់ព័ន្ឋរហូតដល់បីម៉ឺននាក់ គឺដើម្បីសង្គេតឃ្លាំមើលការប្រឡង ដើម្បីធានាថា នឹងធ្វើឡើងដោយសុក្រឹត និងយុត្តិធម៌។លោកបន្តថា មន្រ្តីទាំងបីម៉ឺននាក់ ត្រូវបានបែងចែកការទទួលខុសត្រូវ រួមមានដំណាក់កាលសំណេរ និងកំណែប្រធានមណ្ឌល និងគណៈកម្មការផ្សេងៗ។
រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានព្រមានថា បេក្ខជនប្រឡង និងបុគ្គលិកអប់រំ នឹងប្រឈមការពិន័យ ឬទោសទណ្ឌប្រសិនបើមិនអនុវត្តតាមការណែនាំរបស់ក្រសួង ដែលបានផ្សព្វផ្សាយនាពេលកន្លងទៅ។លោកបណ្ឌិត ហង់ ជួន ណារ៉ុន បញ្ជាក់ថា ការប្រឡងឆ្នាំនេះ មិនខុសពីការប្រឡងនាបណ្តាឆ្នាំកន្លងមកនោះទេ ពោលគឺត្រូវគោរពតាមស្តង់ដារប្រឡងឱ្យបានត្រមត្រូវ និងត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ជាធរមាន។
សូមជម្រាបថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនចុះឈ្មោះប្រឡង ចំនួន១៤៤១៨៣នាក់ ក្នុងនោះមានមណ្ឌលប្រឡង ចំនួន ២០៤មណ្ឌល និងមានចំនួន ៤,៦៥១បន្ទប់៕
អត្ថបទ ៖ លាង ឡា