CAMSOC-ភ្នំពេញ៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិយាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្តម វ៉ាង វិធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងកាករពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។
ក្នុងឱកាសដ៏វិសេសវិសាល នៃពិធីសម្ពោធសមិទ្ធផលប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យខាងលើ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានធ្វើការអបអរសាទរពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ ពិសេស សម្ដេចបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ជាមួយចក្ខុវិស័យ ៥ចំណុច ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យទទួលបានជោគជ័យផងដែរ។
ចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើ រួមមាន៖
១- ក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នូវព្រឹត្តិការណ៍ប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឲ្យបានផុលផុសនៅគ្រប់ទីកន្លែង។
២- ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូត ស្ថានតំណាងនៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការការទូត និងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈ នៃការផ្សព្វផ្សាយ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ជំនួបទ្វេភាគី ពហុភាគី ជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាអន្ដរជាតិ។
៣-ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ក្នុងយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយ «កីឡារស់ក្នុងសន្ដិភាព» «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន»។
៤-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អំ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង។ សហព័ន្ធកីឡាជាតិ កីឡាករ-កីឡាការិនី និងកីឡាករ-កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការហ្វឹកហាត់ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈកីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយនិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
៥-សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី និងក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ការចំណាយរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ត្រូវបានរៀបចំយ៉ាងអធិកអធម ដោយមានការសម្ដែង និងទស្សនីយភាពជាច្រើន ពីសំណាក់ក្រុមសិល្បៈ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ពិសេសការអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ១៥,០០០នាក់ ចូលរួមដោយផ្ទាល់ ដើម្បីអបអរសាទរសមិទ្ធផលដ៏មហិមា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិននេះ៕